មតិអ្នកជំនាញខ្មែរ៖ ភាពចាំបាច់នៃតួនាទីអ្នកសារព័ត៌មាន និងភាពត្រឹមត្រូវនៃព័ត៌មាន ក្នុងបរិបទជំងឺកូវីដ១៩
AUG 25, 2020
ដោយ លោក លាង ដឺលុច*
រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរប្រយុទ្ធនឹងជំងឺកូវីដ១៩ ការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលជាបច្ច័យនៃការយល់ខុសទាក់ទងនឹងវិបត្តិសាកលលោកនេះ ជារឿងចាំបាច់បំផុត និងទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុត។ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ នេះ តួនាទីរបស់អ្នកសារព័ត៌មាន រឹតតែមានភាពលេចធ្លោ និងមានសារសំខាន់ជាងពេលណាទាំងអស់។ អ្នកសារព័ត៌មាន មានគោលការណ៍រួមមួយ គឺការផ្ដល់ព័ត៌មានត្រឹមត្រូវ និងប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ ក្នុងន័យនេះ អ្នកសារព័ត៌មាន ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីជំងឺកូវីដ១៩ ឲ្យបានច្បាស់ និងស៊ីជម្រៅ ដូច្នេះទើបពួកគាត់អាចផ្ដល់ព័ត៌មានទៅកាន់សាធារណជនប្រកបដោយភាពត្រឹមត្រូវ ទុកចិត្តបាន និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងបង្កើតឲ្យមានការយល់ច្រលំ ដែលជាហេតុបង្កឲ្យមានភាពចលាចលក្នុងសង្គម និងផលប៉ះពាល់អវិជ្ជមានផ្សេងៗ។ សូម្បីតែការប្រើប្រាស់ពាក្យពេចន៍ខុសបន្តិចបន្តួចក៏ដោយក្តី វាក៏ជះឥទ្ធិពលដែលមិនអាចនឹកស្មានដល់ផងដែរ។ ជាឧទាហរណ៍ជាក់ស្តែង នាពេលកន្លងមក មានការចុះផ្សាយអំពីប្រជាពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ក៏ប៉ុន្តែតាមការពិតទៅ អ្នកជំងឺនោះគឺជាអ្នកដែលមានស្រុកកំណើតនៅខេត្តកំពតទៅវិញទេ។ នៅពេលធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជាវិញ គេរកឃើញថា គាត់បានឆ្លងជំងឺកូវីដ១៩។ បើអ្នកសារព័ត៌មានយកដំណឹងនេះទៅចុះផ្សាយថា អ្នកជំងឺស្ថិតនៅខេត្តកំពត ទាំងដែលការពិតទៅគាត់ជាអ្នកខេត្តកំពតពិតមែន ប៉ុន្តែនៅពេលដែលគេរកឃើញថា គាត់បានឆ្លងជំងឺកូវីដ១៩ គាត់កំពុងស្ថិតនៅទីក្រុងភ្នំពេញឯនោះទេ។ ភាពធ្វេសប្រហែសនៃការចុះផ្សាយព័ត៌មានទាំងមិនមានការបញ្ជាក់ភាពត្រឹមត្រូវពីប្រភពច្បាស់លាស់ អាចនាំឲ្យប្រជាជននៅខេត្តកំពតទាំងអស់មានភាពភ័យខ្លាច និងជ្រួលច្របល់ ហើយមិនហ៊ានសូម្បីតែដើរផ្សារទិញទំនិញ ឬម្ហូបអាហារជាដើម។ ការណ៍នេះកើតចេញពីការផ្ដល់ព័ត៌មានខុស ហើយវាជាអ្វីដែលអ្នកសារព័ត៌មាននៅពេលនោះតូ្រវប្រកាន់ខ្ជាប់ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ស្របទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
ស្របពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក មនុស្សជាច្រើនងាកទៅរកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទទួលបានបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពជំងឺកូវីដ១៩ ក៏ដូចជាវិធានការ និងចំណាត់ការផ្សេងៗក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាល។ ក្នុងនោះ យើងសង្កេតឃើញថា ការប្រើប្រាស់ហ្វេសប៊ុកជាវេទិកាក្នុងការទទួលបានព័ត៌មានទាំងនេះ កា្លយជានិន្នាការមួយដែលមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញ ការទទួលព័ត៌មានតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ងាយនឹងធ្លាក់ទៅក្នុងអន្ទាក់នៃព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយ ដែលវាមិនបានផ្ដល់ផលចំណេញអ្វីទាល់តែសោះ ផ្ទុយទៅវិញវាអាចធ្វើឲ្យខាតប្រយោជន៍ថែមទៀតផង។ ជាក់ស្ដែង ព័ត៌មានខ្លះត្រូវបានបង្កើតឡើងដោយជនខិលខូច ដើម្បីណែនាំ និងជំរុញឲ្យអ្នកអាន វិនិយោគថវិការបស់គេតាមរយៈការផ្សព្វផ្សាយអំពីអចលនទ្រព្យ ឬភាគហ៊ុន ដោយសន្យាថានឹងទទួលបានប្រាក់ត្រលប់មកវិញក្នុងចំនួនមួយដ៏ច្រើន។ មានអ្នកខ្លះ ត្រូវខាតបង់ទ្រព្យសម្បត្តិមួយចំនួន ឬទាំងស្រុងដោយសារការឆបោកតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ បច្ចុប្បន្ននេះទៀតសោត ឥរិយាបទរបស់អ្នកអានព័ត៌មាន បានផ្លាស់ប្ដូរពីការអានកាសែត ទៅជាផ្ដោតសំខាន់ទៅលើការទទួលព័ត៌មាន តាមរយៈវេទិកាឌីជីថល ឬអេឡិចត្រូនិកនៅលើស្មាតហ្វូនរបស់ពួកគេ។ ការសិក្សាមួយនៅបរទេសបានបង្ហាញថា ដោយសារតែក្តីព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋមិនអាចចេញទៅខាងក្រៅ ដើម្បីទិញកាសែតអានដូចកាលពីមុនទៀតនោះឡើយ ដូច្នេះគេសង្កេតឃើញមានទំនោរនៃការអានព័ត៌មានតាមអនឡាញច្រើនជាងមុន។ យ៉ាងណាក្តី ឥរិយាបថរបស់អ្នកអានព័ត៌មាននៅកម្ពុជាហាក់ដូចជាមិនមានការប្រែប្រួលច្រើននោះទេ ក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ដោយសារតែប្រជាជនកម្ពុជាភាគច្រើន បានជ្រើសយកការអានព័ត៌មានតាមប្រព័ន្ធឌីជីថលតាំងពីមុនការផ្ទុះឡើងនៃជំងឺរាតត្បាត នេះមកម្ល៉េះ ដូចជាការអានតាមវេបសាយ ឬបណ្ដាញទំនាក់ទំនងសង្គមជាដើម។ ដូច្នេះហើយទើបទាមទារឲ្យសាធារណជនជ្រើសរើសព័ត៌មានមកអាន ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ហើយព័ត៌មានទាំងនោះត្រូវតែមានប្រភពច្បាស់លាស់។ ប៉ុន្តែ តើយើងត្រូវធ្វើដូចម្តេចដើម្បីសម្គាល់ ឬបញ្ជាក់ថា ព័ត៌មានដែលយើងកំពុងអានជាព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់? ជាការពិតណាស់ ព័ត៌មានពិត និងត្រឹមត្រូវ វាជាព័ត៌មានដែលត្រូវបានចេញផ្សាយជាទៀងទាត់ មានក្រុមការងារត្រឹមត្រូវ មានឈ្មោះអ្នកសរសេរអត្ថបទត្រឹមត្រូវ ហើយជាសារព័ត៌មានដែលត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ (Verified) ថាជាព័ត៌មានចេញផ្សាយដោយស្ថាប័នព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបាន បើទោះបីជាព័ត៌មានត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលសំខាន់ដូចគ្នា គឺកត្តាខ្លួនឯងដែលជាអ្នកអានផ្ទាល់។ មានន័យថា គាត់ត្រូវចំណាយពេលពិចារណាលើខ្លឹមសាររបស់ព័ត៌មានជាមុនសិន និងបញ្ជាក់ថាព័ត៌មានដែលគាត់កំពុងអានមានប្រភពត្រឹមត្រូវ និងច្បាស់លាស់ មុននឹងគាត់ធ្វើការចែករំលែកទៅកាន់នរណាម្នាក់ទៀត ចៀសវាងការចែកចាយព័ត៌មានមិនពិត ឬក្លែងក្លាយ។
*លោក លាង ដឺលុច គឺជានាយកប្រតិបត្តិសារព័ត៌មានអេឡិចត្រូនិចថ្មីៗ