• By admin
  • Tuesday October 8th, 2019

បាឋកថាសាធារណៈ “អក្ខរកម្មឌីជីថល”

បាឋកថាសាធារណៈ “អក្ខរកម្មឌីជីថល”

បាឋកថាសាធារណៈ “អក្ខរកម្មឌីជីថល” 150 150 Cambodia Development Center

វាគ្មិន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

បាឋកថាសាធារណៈ

ប្រធានបទ៖ អក្ខរកម្មឌីជីថលក្នុងបរិបទ កម្ពុជាឧស្សាហកម្ម ៤.០

ស្របពេលដែលបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងតែកើតមានឡើងក្នុងពិភពលោក បច្ចេកវិទ្យាជំនាន់ថ្មីក៏កាន់តែមានភាពជឿនលឿន និងមានវត្តមាននៅគ្រប់ទីកន្លែង។ ដោយសារតែមានការអភិវឌ្ឍ និងរីកលូតលាស់នៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យជាច្រើន មនុស្សស្ទើរតែគ្រប់រូបបានប្រើប្រាស់ឧបករណ៍ឌីជីថល ឧបករណ៍វៃឆ្លាត រួមនិងឧបករណ៍ទំនើបៗជាច្រើនទៀតដែលជួយបង្កើនគុណភាពជីវិត ព្រមទាំងបទពិសោធន៍នៃការប្រកបការងារវិជ្ជាជីវៈជាដើម។ ដើម្បីសម្រេចឲ្យបាននូវសង្គមឌីជីថលមួយ វាតម្រូវឲ្យប្រជាពលរដ្ឋគប្បីមានចំណេះដឹងជាមូលដ្ឋានទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដើម្បីមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទាំងនោះក្នុងការបំពេញគោលបំណងរបស់ពួកគេ។ ដូចនេះហើយ អក្ខរកម្មឌីជីថល គឺជាធាតុចាំបាច់មួយសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថលមួយដែលរីកចម្រើន។

មានការបកស្រាយផ្សេងៗគ្នាទាក់ទងនឹងនិយមន័យ “អក្ខរកម្មឌីជីថល” ហើយគេអាចកំណត់និយមន័យវាបាន ទាំងក្នុងប្រភេទសាមញ្ញ និងប្រភេទបច្ចេកទេស។ យោងតាមលោក Gilster (ឆ្នាំ១៩៩៧) គាត់កំណត់និយមន័យ “អក្ខរកម្មឌីជីថល” ថាជាសមត្ថភាពក្នុងការយល់ដឹង និងប្រើប្រាស់ព័ត៌មានពីប្រភពឌីជីថលផ្សេងៗគ្នាបាន។ លោក Spires និង Bartlett បានផ្ដល់និយមន័យមួយផ្សេងទៀត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាង ដោយពិចារណាទៅលើទាំងសមត្ថភាពគិត និងវាយតម្លៃទៅក្នុងអក្ខរកម្មឌីជីថល។ ពួកគេឲ្យនិយមន័យ “អក្ខរកម្មឌីជីថល”ថាជាសមត្ថភាពក្នុងការស្វែងរក និងប្រើប្រាស់ បង្កើត និងផ្សព្វផ្សាយខ្លឹមសារឌីជីថល។ ចំណែកឯការបង្កើតខ្លឹមសារឌីជីថល គឺអាចធ្វើបានតាមរយៈវិធីសាស្រ្តផ្សេងៗ ដូចជាការសរសេរសារ និងអត្ថបទនៅលើឧបករណ៍ឌីជីថល ក៏ដូចជាការបង្កើតខ្លឹមសារវីដេអូដោយប្រើកម្មវិធីកាត់តវីដេអូជាដើម។ សមត្ថភាពក្នុងការផ្សព្វផ្សាយខ្លឹមសារទៅកាន់អ្នកដទៃ តាមប្រព័ន្ធអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook និង Twitter ក៏ជាផ្នែកមួយនៃអក្ខរកម្មឌីជីថលផងដែរ។

គណៈកម្មការអឺរ៉ុប សភាអឺរ៉ុប និងក្រុមអ្នកសិក្សាអឺរ៉ុប ក៏បានចាត់ទុកជំនាញមូលដ្ឋានមួយចំនួននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាផ្នែកមួយនៃអក្ខរកម្មឌីជីថល ហើយប្រើប្រាស់ពាក្យ “អក្ខរកម្មឌីជីថល” លាយឡំគ្នាជាមួយនឹងពាក្យសមត្ថភាពឌីជីថល ជំនាញឌីជីថល និង eCompetence។ អក្ខរកម្មឌីជីថលអាចជួយដល់យុវជនទាញយកអត្ថប្រយោជន៍ពីធនធានឌីជីថល ដើម្បីសិក្សារៀនសូត្រ និងលើកកម្ពស់ការអភិវឌ្ឍខ្លួនឯង។ នៅក្នុងសេដ្ឋកិច្ចឌីជីថល សកម្មភាពសេដ្ឋកិច្ចតាមបែបប្រពៃណី នឹងត្រូវផ្លាស់ប្តូរទៅជាទម្រង់ថ្មីមួយដែលកើតឡើងដោយអន្តរទំនាក់ទំនងរវាង បច្ចេកវិទ្យា ទិន្នន័យ មនុស្ស ស្ថាប័ន និងម៉ាស៊ីន ដែលគេហៅថា Hyper-connectivity ដោយសារតែការប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាផ្សេងទៀតដូចជាឧបករណ៍តភ្ជាប់ទៅប្រព័ន្ធអ៊ីនធឺណិត (IoT) និងប្រព័ន្ធនិម្មិត។ ដូច្នេះដើម្បីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលពលរដ្ឋត្រូវតែមានសមត្ថភាពផ្នែកឌីជីថលគ្រប់គ្រាន់ ដែលអាចរួមចំណែកក្នុងការអាជីវកម្មអេឡិចត្រូនិច និងសកម្មភាពផ្សេងៗទៀតដែលទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។ ជាក់ស្តែង អេស្តូនី ដែលជាប្រទេសឈានមុខគេមួយដែលបានធ្វើការផ្លាស់ប្ដូរសង្គមបែបឌីជីថលស្ទើរតែគ្រប់វិស័យ។ រដ្ឋាភិបាលអេស្តូនីបានចាប់ផ្តើមណែនាំប្រព័ន្ធអភិបាលកិច្ចអេឡិចត្រូនិចចាប់តាំងពីឆ្នាំ១៩៩៧ ហើយក៏បានបន្តវិនិយោគលើដំណោះស្រាយអេឡិចត្រូនិច (e-Solutions) ជាច្រើនទៀត ដូចជាពន្ធអេឡិចត្រូនិច (eTax), អត្តសញ្ញាណឌីជីថល, ការបោះឆ្នោតអនឡាញ (i-Voting), បច្ចេកវិទ្យា Blockchain, និងអ្នកតាំងលំនៅស្ថានអេឡិចត្រូនិច (e-Resident)។ កត្តារួមចំណែកមួយក្នុងភាពជោគជ័យនៃការផ្លាស់ប្តូរឌីជីថលរបស់អេស្តូនី គឺការលើកកម្ពស់អក្ខរកម្មឌីជីថលក្នុងវិស័យអប់រំ។

ជាក់ស្ដែង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០១៩ ដែលមានប្រទេសថៃជាម្ចាស់ផ្ទះ អាស៊ានមានគោលបំណងជំរុញការអភិវឌ្ឍតំបន់ តាមរយៈការទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនឆ្ពោះទៅមុខបន្ថែមទៀត។ ទោះបីជាមានសក្តានុពលធំធេងសម្រាប់ការផ្លាស់ប្តូរឌីជីថលក៏ដោយ អាស៊ាននេះនៅតែប្រឈមនឹងបញ្ហាជាច្រើនទាក់ទងនឹងឌីជីថលូបនីយកម្ម និងបច្ចេកវិទ្យា។ បញ្ហាចម្បងនោះគឺគម្លាតឌីជីថលនៅក្នុងអាស៊ាន។ ជាឧទាហរណ៍  ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ១០០ នាក់ ប្រជាជនសិង្ហបុរី ម៉ាឡេស៊ី និងប្រ៊ុយណេមានប្រមាណពី ៧០ ទៅ ៨០ នាក់ រីឯដង់ស៊ីតេអ្នកប្រើប្រាស់នៅកម្ពុជានិងឡាវមានតិចជាង ២០ នាក់ប៉ុណ្ណោះ។ សមាជិកអាស៊ានក៏ប្រឈមនឹងឧបសគ្គរួមមួយដែលរារាំងការកសាងសេដ្ឋកិច្ចឌីជីថលនោះ គឺជាកង្វះកម្លាំងការងារជំនាញ ដែលធ្វើឲ្យការប្រកួតប្រជែងរបស់អាស៊ាននៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននៅមានភាពទន់ខ្សោយ។

នៅក្នុងសង្គមមួយដែលមានព័ត៌មានគ្រប់គ្រាន់ និងមានបរិយាប័ន្ន ពលរដ្ឋត្រូវតែមានលទ្ធភាពទទួលបាននូវព័ត៌មាន និងឱកាសនានា ដើម្បីចៀសវាងការបាត់បង់សិទ្ធិសេរីភាពនិងឱកាស។ អាស៊ានអាចទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងប្រព័ន្ធអ៊ីនធឺណិតក្នុងការបង្កើតសង្គមបែបនេះ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលរបស់ពលរដ្ឋស្របតាមលក្ខណៈគ្រឹះទាំងបួននៃអក្ខរកម្មឌីជីថល ដូចជាសមត្ថភាពមូលដ្ឋានក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល ជំនាញក្នុងការវាយតម្លៃភាពត្រឹមត្រូវនៃព័ត៌មានអ៊នឡាញ ភាពប្រុងប្រយ័ត្នក្នុងការជ្រើសរើសព័ត៌មានត្រឹមត្រូវដើម្បីចែករំលែកតាមអនឡាញ និងការយល់ដឹងអំពីអាកប្បកិរិយាតាមអនឡាញប្រកបដោយសុវត្ថិភាព។ ដូច្នេះ អក្ខរកម្មឌីជីថលគួរតែត្រូវបានផ្តល់អាទិភាពនៅក្នុងកម្មវិធីអប់រំ ដើម្បីបំពាក់បំប៉នដល់ប្រជាជនជាមួយនឹងអក្ខរកម្ម និងសមត្ថភាពឌីជីថលនៅក្នុងតំបន់អាស៊ាន។

កម្ពុជាក៏បាននិងបានព្យាយាមសម្របខ្លួនទៅនឹងការផ្លាស់ប្តូរឌីជីថល និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាដើម្បីទទួលបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងគោលបំណងនេះ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបង្កើតក្រុមការងារមួយដើម្បីធ្វើការប្រមូលធាតុផ្សំក្នុងការបង្កើតក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលសម្រាប់កម្ពុជា។ យ៉ាងណាក៏ដោយ កម្ពុជាចាំបាច់ត្រូវឆ្លើយតបនឹងបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល អភិបាលកិច្ច និងការច្នៃប្រឌិតឌីជីថល។ កម្ពុជាក៏កំពុងតែយឺតជាង បណ្តាប្រទេសសមាជិកអាស៊ានទៀតទាក់ទងនឹងសកម្មភាពឌីជីថលនេះ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងដើម្បីសម្រេចបាននូវការផ្លាស់ប្តូរឌីជីថលពេញលេញនៅក្នុងប្រទេស ចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្ររយៈពេលវែងនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ យើងត្រូវលើកកម្ពស់ និងជំរុញអក្ខរកម្មឌីជីថល ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាមានសម្ថភាពគ្រប់គ្រាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា។