មតិអ្នកជំនាញខ្មែរ៖ ក្នុងបរិបទកូវីដ១៩នាពេលបច្ចុប្បន្ន តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ?
May 10th, 2020
ដោយ បណ្ឌិត អ៊ុន លាង*
រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
សាវតា
កម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ដំបូងបង្អស់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ រហូតមកទល់ថ្ងៃទី១៣ ខែមីនា អ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ចំនួន៧នាក់។ ទោះបីជាការកើនឡើងនេះមានកម្រិតតិចតួចក៏ដោយ ការរកឃើញនេះនាំឲ្យមានការបារម្ភយ៉ាងខ្លាំងក្នុងចំណោមមហាជនទូទៅ ក៏ដូចជាក្នុងជួររាជរដ្ឋាភិបាលផងដែរ។ នេះនាំឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។ ប្រហែលជាមានការបារម្ភថាស្ថានអាចនឹងធ្ងន់ធ្ងរ បានជានៅពីរថ្ងៃបន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានចេញសេចក្តីប្រកាសមួយបន្ថែមទៀត អំពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទនៅទូទាំងប្រទេស។
ឆ្លើយតបទៅនឹងការបារម្ភពីការបាត់បង់ឱកាសក្នុងការទទួលបានការអប់រំបណ្តុះបណ្តាល ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំស្វែងរកមធ្យោបាយក្នុងការផ្តល់សេវាអប់រំដល់សិស្សនិស្សិត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក៏សម្រេចបានកិច្ចសហការជាមួយក្រុមហ៊ុន A.Z.E Innovation Tech Co., LTD តាមរយៈសេចក្តីប្រកាសព័ត៌មានដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាការបង្រៀនពីចម្ងាយដែល រៀបចំដោយ E-School Cambodia ជូនសិស្សានុសិស្សពីថ្នាក់ទី១ ដល់ ថ្នាក់ទី១២ ។ សម្រាប់គ្រឹះស្ថានចំណេះទូទៅឯកជន និងគ្រឹះស្ថានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បន្តលើកទឹកចិត្តឲ្យមានការបង្រៀនដោយផ្ទាល់តាមរយៈប្រព័ន្ធនានាដែលដំណើរការដោយប្រព័ន្ធអ៊ីនធឺណេត និងបង្រៀនពីចម្ងាយតាមលទ្ធភាពដែលគ្រឹះស្ថាននីមួយៗមាន។ ការសិក្សាដោយមិនមានជំនួបមុខទល់មុខនេះ បានធ្វើឡើងក្នុងរូបភាពជាច្រើន ដូចជាតាមរយៈបណ្តាញសង្គមនានា និងទូរទស្សន៍ផងដែរ។
ការបារម្ភ និងការក្រើនរំលឹកពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅតែបន្ត ដោយសារតែមានការកើនឡើងនៃអ្នកឆ្លងជំងឺកូវីដ១៩ ទោះបីជាវានៅមានកម្រិតតិចតួចក៏ដោយ។ រហូតមកទល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាស រកឃើញចំនួនអ្នកមានឆ្លងជំងឺកូវីដ១៩នេះ បានកើតឡើងរហូតដល់១២២នាក់។ ក្នុងរយៈពេល ២៦ថ្ងៃចុងក្រោយនេះ គេពុំឃើញមានកំណើនអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ហើយមានអ្នកជាសះស្បើយរហូតដល់ចំនួន ១២០នាក់ ដែលត្រូវបានរាយការណ៍ជាប្រចាំថ្ងៃដោយក្រសួងសុខាភិបាល។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ គេឃើញមានការចែកចាយសេចក្តីជូនដំណឹងមួយ ដែលបានប្រើប្រាស់លិខិតផ្លូវការរបស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា ថាសាលារៀននឹងបើកឲ្យដំណើរការឡើងវិញ តែព័ត៌មាននេះត្រូវបានបដិសេធដោយក្រសួងអប់រំ យុវជន និងកីឡា។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណាអនុញ្ញាតឲ្យសាលារៀនបើកដំណើរការឡើងវិញ។ ហេតុផលបីយ៉ាងដែលសមាគមនេះបានលើកឡើងគឺថា ១). ពុំមានការកើតឡើងថ្មីនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ២). សិស្សមានការលំបាកក្នុងការទទួលបានកម្មវិធីរៀនពីចម្ងាយដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និង ៣). ដោយសារអាណាព្យាបាលជាប់រវល់កិច្ចការរកស៊ីចិញ្ចឹមជីវិត ពួកគាត់ពុំមានពេលក្នុងការជួយបង្រៀនកូន/ក្មួយ/ចៅរបស់ពួកគាត់ទេ។ ជាការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្រសួងមិនមានគោលការណ៍អនុញ្ញាតឲ្យសាលារៀនបើកដំណើរការឡើងវិញទេ លុះត្រាតែមានភ្លើងខៀវពីសំណាក់ក្រសួងសុខាភិបាល។ ប៉ុន្តែក្រសួងសុខាភិបាលបានអះអាងថា ការបើកឲ្យសាលារៀនដំណើរការឡើងវិញ គឺស្រេចតែទៅលើក្រសួងអប់រំខ្លួនទេ។
តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ?
ដោយសាររយៈពេលវិស្សមកាលធំ វាហាក់ដូចជានៅវែងឆ្ងាយដែរ រហូតដល់ខែសីហា និងដោយសារតែមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមទៀត ការណ៍នេះនាំឲ្យមានជាចំណោទថា តើកម្ពុជាអាចបើកគ្រឹះស្ថានអប់រំឡើងវិញបានឬនៅ?
ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ ជាបញ្ហាសាកល តាមពិតប្រទេសជាច្រើនរងគ្រោះធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត ហេតុនេះកម្ពុជាក៏អាចរៀនសូត្រពីការកំណត់ដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលពីប្រទេសនានាបានដែរ។ នៅកម្រិតសាកល ប្រព័ន្ធកម្រិតប្រកាសអាសន្នអំពីជំងឺកូវីដ១៩ ជាទូទៅមាន ៤កម្រិត។ ក្នុងកម្រិតនីមួយៗ យន្តការត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាល និងឈានទៅបំបាត់ជំងឺកូវីដ១៩។ ខាងក្រោមនេះ ជាតារាងសង្ខេបដកស្រង់ពីបទពិសោធន៍ប្រទេសញ៉ូហ្សេឡែន ដែលត្រូវបានគេចាត់ទុកថា គ្រប់គ្រងការរីករាលដាលបានល្អជាងគេ។ ប្រទេសញ៉ូហ្សេឡែន បានកំណត់ពីដំណើរការប្រព័ន្ធអប់រំក្នុងកម្រិតអាសន្ននីមួយៗ។
កម្រិត និងការវាយតម្លៃហានិភ័យ |
ការអប់រំ |
កម្រិត១ ការរីករាលដាលតាមផ្ទះអាចកើតមានបាន |
គ្រឹះស្ថានសិក្សាណាដែលជាប់ទាក់ទងទៅនឹងករណីកូវីដ១៩ ឬមានការសង្ស័យត្រូវបិទទ្វារជាបណ្តោះអាសន្ន ប្រសិនបើមានការណែនាំពីស្ថាប័នសុខាភិបាលសាធារណៈ ដើម្បីអាចគាំទ្រដល់ដំណើរការគ្រប់គ្រងករណីកូវីដ១៩ និងតាមដានរកអ្នកដែលជាប់មានទំនាក់ទំនង និងការគ្រប់គ្រងករណីកុំឲ្យមានការរីករាលដាលបន្ត។ |
កម្រិត២ ការរីករាលដាលតាមផ្ទះអាចកើតមាន និងមានអ្នកឆ្លងជំងឺនៅតំបន់មួយ និងតំបន់ដាច់ដោយឡែកពីគេ |
គ្រឹះស្ថានឧត្តមសិក្សា សាលារៀន និងមជ្ឍមណ្ឌលថែទាំកុមារនឹងបើកដំណើរការ។
គ្រឹះស្ថានសិក្សាណាដែលជាប់ទាក់ទងទៅនឹងករណីកូវីដ១៩ ឬមានការសង្ស័យត្រូវបិទទ្វារជាបណ្តោះអាសន្ន ប្រសិនបើមានការណែនាំពីស្ថាប័នសុខាភិបាលសាធារណៈ ដើម្បីអាចគាំទ្រដល់ដំណើរការគ្រប់គ្រងករណីកូវីដ១៩ និងតាមដានរកអ្នកដែលជាប់មានទំនាក់ទំនង និងការគ្រប់គ្រងករណីកុំឲ្យមានការរីករាលដាលបន្ត។ |
កម្រិត៣ ការចម្លងតាមសហគមន៍អាចកើតមានឡើង និងការរាតត្បាតក្នុងតំបន់ថ្មីជាច្រើនអាចកើតឡើង ប៉ុន្តែអាចគ្រប់គ្រងបានតាមរយៈការធ្វើតេស្ត និងតាមដានរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ |
មជ្ឍមណ្ឌលកុមារមត្តេយ្យ និងសាលារៀន នឹកបើកដំណើរការសម្រាប់កូនសិស្សថ្នាក់ទី១ ដល់ ទី១០ ដោយត្រូវរក្សាយន្តការសុវត្ថិភាពសុខភាពសាធារណៈសមស្រប។
គ្រឹះស្ថានសិក្សាណាដែលជាប់ទាក់ទងទៅនឹងករណីកូវីដ១៩ ឬមានការសង្ស័យត្រូវបិទទ្វារជាបណ្តោះអាសន្ន ប្រសិនបើមានការណែនាំពីស្ថាប័នសុខាភិបាលសាធារណៈ ដើម្បីអាចគាំទ្រដល់ដំណើរការគ្រប់គ្រងករណីកូវីដ១៩ និងតាមដានរកអ្នកដែលជាប់មានទំនាក់ទំនង និងការគ្រប់គ្រងករណីកុំឲ្យមានការរីករាលដាលបន្ត។ |
កម្រិត៤ ការចម្លងតាមសហគមន៍កំពុងកើតមាន និងមានការរាតត្បាតខ្លាំង និងកើតឡើងក្នុងតំបន់ថ្មីជាច្រើន |
គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវបិទទ្វារ
|
ប្រភព៖ ដកស្រង់ពី https://covid19.govt.nz/assets/resources/tables/COVID-19-alert-levels-summary.pdf នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។
យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងរយៈពេល ២៦ថ្ងៃចុងក្រោយនេះ កម្ពុជាពុំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ហើយកម្ពុជាក៏មិនស្ថិតនៅក្នុងចំណាត់ថ្នាក់ដែលមានការរីករាលដាលក្នុងសហគមន៍ដែរ នេះមានន័យថា កម្ពុជាស្ថិតនៅក្នុងកម្រិតទី១។ ប្រសិនបើយើងរៀនសូត្រពីប្រទេសញ៉ូហ្សេឡែន វាហាក់ដូចជាថា សាលារៀនអាចត្រូវបានអនុញ្ញាតឲ្យបើកដំណើរការបាន ដោយគ្រាន់តែអនុវត្តគោលការណ៍អនាម័យ និងគោលការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
នៅពេលយើងបើកឲ្យគ្រឹះស្ថានអប់រំដំណើរការក្នុងខែឧសភា ឆ្នាំ២០២០នេះ វានឹងដំណើរការបានតែប្រហែល ៣ខែតែប៉ុណ្ណោះ កូនសិស្សនឹងត្រូវឈប់រៀនដោយសារតែវិសមកាល/វ៉ាកងធំនឹងចូលមកដល់នៅខែសីហា ឬខែកញ្ញាខាងមុខនេះ។ ហើយវាគ្រាន់តែត្រូវរង់ចាំពេល ៥ខែប៉ុណ្ណោះ ប្រព័ន្ធអប់រំកម្ពុជា នឹងបើកបវេសនកាលថ្មីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានអប់រំចំណេះទូទៅ ហើយគ្រឹះស្ថានឧត្តមសិក្សានឹងចាប់បើកមុននេះទៅទៀត គឺនៅខែកញ្ញា។
ហេតុនេះយើងត្រូវសួរហើយសួរទៀតថា តើគ្រឹះស្ថានអប់រំគួរបើកដំណើរការឡើងវិញក្នុងខែឧសភា ឆ្នាំ២០២០នេះ ឬគួរតែរងចាំ៤ឬ៥ខែទៀត?
ដោយសារតែការបើក ឬមិនបើកឲ្យគ្រឹះស្ថានសិក្សាដំណើរការឡើងវិញ ទាក់ទងនឹងស្ថានភាពកូវីដ១៩ យើងត្រូវតែសួរថា តើការបារម្ភពិតប្រាកដអំពីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាស្ថិតនៅក្នុងកម្រិតណា? រហូតមកទល់នឹងពេលនេះ ក្រសួងសុខាភិបាល នៅតែស្នើសុំដោយទទូចឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ពេលបើកសន្និសីទព័ត៌មាន សារដំបូងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលតែងតែប្រាប់ដល់សាធារណជនថា ត្រូវដឹងឱ្យច្បាស់ថា ជំងឺរាតត្បាតកូវីដ១៩ លើកទី២នៅកម្រិតពិភពលោកនៅមិនទាន់ចប់ទេ ប្រសិនបើមានការផ្ទុះឡើងនៅតំបន់ផ្សេងទៀតនៅលើពិភពលោក យើងនៅមានហានិភ័យច្រើនទៀត យើងមិនទាន់មានសុវត្ថិភាពទេ។ ប្រសិនបើយើងលើកយកករណីនេះជាគោល ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ រហូតមកទល់ពេលនេះដែលកម្ពុជាពុំបានរកឃើញថាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងមិនមានអ្នកស្លាប់ទេ ខណៈដែល នៅជុំវិញពិភពលោក ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនពីជិត១,៧លាននាក់ ដល់ជាង៤លាននាក់ និងមានអ្នកស្លាប់កើនពីជាង១០ម៉ឺននាក់ ដល់ជិត៣០ម៉ឺននាក់។ ប្រសិន បើផ្អែកលើទិន្នន័យនេះ យើងពុំទាន់អាចនិយាយបានថា បញ្ហាកូវីដ១៩នៅកម្ពុជា ត្រូវបានបិទបញ្ចប់នោះទេ។
បន្ថែមពីលើនេះទៀត អង្គការសុខភាពពិភពលោកបន្តព្រមានខ្លាំងៗថា ប្រទេសកម្ពុជានៅតែស្ថិតក្នុងហានិភ័យខ្ពស់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ បើទោះបីជាប្រទេសកម្ពុជាទទួលបាននូវការឆ្លើយតបយ៉ាងល្អចំពោះដំណាក់កាលទី១ នៃវីរុសនេះក៏ដោយ។ នៅទីនេះ យើងចាប់អារម្មណ៍ពាក្យ “ដំណាក់កាលទី១ ឬកម្រិតទី១” មិនមែនរលកទី១នោះទេ។ នេះពីព្រោះតែកម្ពុជាមិនទាន់មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ធ្ងន់ធ្ងរ រួចថមថយនោះទេ។ ក្រសួងសុខាភិបាល ជារឿយៗតែងតែមានការបារម្ភពីការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍។
យោងតាមការពិភាក្សាខាងលើ យើងនៅតែឃើញមានការសម្រេចចិត្តដោយប្រុងប្រយ័ត្នចំពោះបញ្ហានៃការបើក ឬមិនបើកឲ្យគ្រឹះស្ថានអប់រំដំណើរការឡើងវិញ។ ក្រសួងអប់រំ យុវជន និងកីឡា រងចាំភ្លើងខៀវ ពីក្រសួងសុខាភិបាល ស្របពេលដែលក្រសួងសុខាភិបាលអះអាងថា វាអាស្រ័យទៅលើក្រសួងអប់រំទាំងស្រុង។ ជាញឹកញាប់ ការមិនសម្រេចចិត្តជំនួស ឬការសម្រេចចិត្តហួសដែនសមត្ថកិច្ចរបស់ស្ថាប័នរដ្ឋនៅកម្ពុជា តែងតែកើតមាន រហូតដល់ពេលខ្លះត្រូវការឲ្យមានថ្នាក់ដឹកនាំកំពូលចូលរួមកាត់សេចក្តីទៀតផង។ ក្នុងករណីនេះ នៅពេលដែលក្រសួងពីរដែលមានសមត្ថកិច្ចលើកិច្ចការនេះមិនទាន់មានការសម្រេចចិត្តដាច់ខាត (នេះប្រហែលមកពីទំហំនៃការបាត់បង់អាយុជីវិត សុខភាពសាធារណៈ និងគុណភាពអនាគតពលរដ្ឋរបស់ជាតិមានទម្ងន់ខ្លាំងពេក) តើគេគួរតែរង់ចាំថ្នាក់ដឹកនាំកំពូលសម្រេចចិត្តបែបនយោបាយ ឬក៏វានៅមានកម្រិតនៃសំណើបច្ចេកទេសដែលផ្អែកលើវិទ្យាសាស្រ្ត (ទាំងវិទ្យាសាស្រ្តធម្មជាតិ និងសង្គម) ដែលយើងអាចរកឃើញក្នុងបញ្ហាបន្តបិទ ឬបើកគ្រឹះស្ថានអប់រំឲ្យដំណើរការឡើងវិញ?
ម្តងទៀត យើងសាកល្បងមើលបទពិសោធន៍នៃប្រទេសដែលបើកឲ្យគ្រឹះស្ថានអប់រំដំណើរការឡើងវិញក្រោយពេលបិទទ្វារមួយរយៈ។ ក្នុងខែមេសា ឆ្នាំ២០២០ ប្រទេសដាណឺម៉ាក បានបើកសាលារៀនឡើងវិញ តែអាណាព្យាបាលមួយចំនួននៅតែបន្តទុកកូននៅផ្ទះ មិនអនុញ្ញាតឲ្យទៅសាលារៀន ពីព្រោះនៅតែមានការបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩។ ក្រៅតែកង្វះការសហការពីសំណាក់អាណាព្យាបាល ការស្រាវជ្រាវមួយចំនួននៅប្រទេសដែលមានការរីករាលដាលជំងឺកូវីដ១៩ ខ្លាំងក្លាបានរកឃើញថា ទោះបីជាហានិភ័យដែលក្មេងអាចឆ្លងជំងឺកូវីដ១៩មានកម្រិតទាប (ប៉ុន្តែគ្មានមូលដ្ឋានវិទ្យាសាស្រ្តច្បាស់លាស់ទេ) តែការបិទសាលារៀននាំឲ្យអត្រាឆ្លងជំងឺកូវីដ១៩មានកម្រិតទាបគួរឲ្យកត់សម្គាល់ បើធៀបជាមួយប្រទេស ឬតំបន់ដែលសាលារៀននៅបើកដំណើរការ។ អ្នកសិក្សាជាច្រើនបានលើកឡើងយ៉ាងត្រឹមត្រូវថា ដរាបណាយើងមិនទាន់ច្បាស់ថា តើហានិភ័យនៃការឆ្លងក្នុងចំណោមក្មេងៗមានពិតប្រាកដត្រឹមកម្រិតណា ដរាបណាការបិទសាសារៀនមានទំនាក់ទំនងជាមួយការកាត់បន្ថយអត្រារីករាលដាលនៃជំងឺកូវីដ១៩យើងមិនត្រូវឲ្យការបើកសាលារៀន នាំទៅកាន់វិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យកាន់តែធំឡើងនោះទេ។
នៅកម្ពុជា ប្រសិនបើម្នាក់ៗ ឈរគុណភាព និងខ្លឹមសារអប់រំពិតប្រាកដ (សូមមើលអត្ថបទវិចារណកថា ក្រោមចំណងជើងថា កូវីដ១៩៖ ទស្សនវិជ្ជាមនុស្ស តួនាទីរបស់រដ្ឋាភិបាល និងការកសាងជាតិ ចេញផ្សាយដោយមជ្ឍមណ្ឌលអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០) ការបើកសាលារៀនឡើងវិញក្នុងរយៈពេលមុនការបើកបវេសនកាលឆ្នាំថ្មី នៅគ្រប់កម្រិតសិក្សាដែលនឹងត្រូវធ្វើឡើងចាប់ពីខែកញ្ញា ដល់ ខែវិច្ឆិកា ប្រហែលជាមិនបាននាំមកនូវការប្រែប្រួលអ្វីទាំងអស់។ ដោយសារតែអាណាព្យាបាលនៅតែត្រូវចេញទៅធ្វើការផង និងថែទាំក្មេងផង ការបើកសាលារៀនឡើងវិញបានជួយបន្ធូរបន្ថយការលំបាករបស់អាណាព្យាបាលខ្លះៗដែរ តែវាក៏បានបន្ថែមការបារម្ភខ្លាំងណាស់ដែរក្នុងចំណោមអាណាព្យាបាលអំពីការឆ្លងជំងឺកូវីដ១៩។ ហេតុនេះយើងមិនគួរឲ្យការប្រឹងប្រែងបើកសាលារៀន អាចប្រឈមឲ្យមានការរីករាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាងស្ថានភាពបច្ចុប្បន្ននោះទេ ដែលនាំឲ្យកិច្ចប្រឹងប្រែងកន្លងមកក្លាយជាអត់ន័យ ។
ប្រសិនបើ ដោយហេតុផលណាមួយក៏ដោយ ដែលគ្រឹះស្ថានអប់រំត្រូវតែបើកមែននោះ វាមានរបៀបច្រើនបែប ច្រើនយ៉ាងក្នុងការបើកគ្រឹះស្ថានអប់រំឲ្យដំណើរការឡើងវិញ។ ការប៉ុនប៉ងអនុវត្តការណែនាំដែលមានស្តង់ដារតែមួយសម្រាប់ស្ថានភាពបច្ចុប្បន្ន នឹងនាំឲ្យមានភាពអវិជ្ជមានជាងភាពវិជ្ជមាន។ ការប៉ុនប៉ងបើកឲ្យគ្រឹះស្ថានអប់រំដំណើរការឡើងវិញត្រូវតែឆ្លើយនឹងសំណួរជាច្រើនដូចជា តើត្រូវបើកគ្រឹះស្ថានអប់រំសាធារណៈ ឬឯកជនជន ឬទាំងពីរ? ត្រូវបើកត្រឹមកម្រិតណា និងត្រឹមថ្នាក់ទីប៉ុន្មាន? តើត្រូវបើកពេញម៉ោង ឬមិនពេញម៉ោង? តើត្រូវបើកនៅទូទាំងប្រទេស ឬនៅតំបន់ណាខ្លះ?
នៅចុងបញ្ចប់ ខ្ញុំសូមដកស្រង់សំដីរបស់ទស្សនវិទូអាល្លឺម៉ង់លោក ហាំង ច៉ច ហ្គាដាម៊ឺ (Hans-Georg Gadamer) ដែលបានព្រមានចំពោះអ្នកដែលប្រញាប់ប្រញាល់ពេកក្នុងការសម្រេចចិត្តលើអ្វីមួយ។ នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា “សច្ចភាព និង វិធី” លោកបានសរសេរថា ប្រភពនៃកំហុសឆ្គងក្នុងការប្រើប្រាស់វិចារណញាណរបស់មនុស្ស គឺការប្រញាប់ប្រញាល់ពេកក្នុងការវាយតម្លៃ និងសម្រេចចិត្ត។
*បណ្ឌិត អ៊ុន លាង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល និងជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។