• By admin
  • Wednesday August 21st, 2019

150 150 Cambodia Development Center

Heng Salpiseth

Member of Board of Directors

Biography

លោក ហេង សាលពិសិដ្ឋ បច្ចុប្បន្នជាអគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍ៍កម្ពុជា (CD Center)។

លោក ហេង សាលពិសិដ្ឋ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិស្វកម្មសំណង់ស៊ីវិល ជំនាញផ្នែកគ្រប់គ្រង និងរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ (Master of Engineering major in Infrastructure Planning and Management) ពីប្រទេសជប៉ុននៅឆ្នាំ២០០៦។ លោក ហេង សាលពិសិដ្ឋ ជាអតីតប្រធាននាយកដ្ឋានភស្តុភារកម្ម នៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានការិយាល័យសហប្រតិបត្តិការក្នុងតំបន់ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់តាំងពីឆ្នាំ២០០២ មុននឹងចូលរួមបម្រើការងារនៅស្ថាប័នរដ្ឋ លោក ហេង សាលពិសិដ្ឋ បានបម្រើការងារជាច្រើនឆ្នាំ ជាមន្ត្រីគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ (Senior Program Officer) និងជាទីប្រឹក្សាបច្ចេកទេស (Advisor/ Specialist / Consultant Team Leader/Transport Economist/Independent Evaluator) នៅតាមបណ្តាស្ថាប័នដៃគូរអភិវឌ្ឍន៍អន្តរជាតិជាច្រើន រួមមាន GTZ, UNDP, JICA, ADB, Marie Stopes International Cambodia (USAID-Project), National Institute of Environmental Study (NIES-Japan), French Red Cross លើការងារសិក្សារៀបចំផែនការមេ និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមាន វិស័យដឹកជញ្ជូន និងឡូជីស្ទីក, វិស័យថាមពលអគ្គិសនី, ការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងជនបទ, ការរៀបចំទីក្រុង, ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ, ការគ្រប់គ្រងកាកសំណល់រឹង, ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់, កសិកម្ម និងសន្តិសុខស្បៀង។ល។

ចាប់តាំងពីឆ្នាំ ២០០៩ មក លោក ហេង សាលពិសិដ្ឋ ក៏បានចំណាយពេលជាង១០ឆ្នាំ ជាសាស្ត្រាចារ្យបង្រៀនក្រៅម៉ោង នៅសកលវិទ្យាល័យ ឯកជន និងរដ្ឋ សម្រាប់ថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ ផ្តល់ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវលើមុខវិជ្ជា ការគ្រប់គ្រងគម្រោងសាងសង់ ការគ្រប់គ្រងលទ្ធកម្ម និងកិច្ចសន្យា ការវិភាគសេដ្ឋកិច្ចលើគម្រោងវិស្វកម្ម ជាដើម។ ជាសមាជិកនៃសមាគមអាស៊ីភាគខាងកើតសម្រាប់ការសិក្សាវិស័យដឹកជញ្ជូន (Eastern Asia Society for Transportation Studies – EASTS) ចាប់ពីឆ្នាំ២០០៦ មក លោក ហេង សាលពិសិដ្ឋ បានបោះពុម្ភឯកសារស្រាវជ្រាវជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក។