កិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០
ហេតុអ្វី កម្ពុជាឧស្សាហកម្ម៤.០?
ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើឲ្យមានសន្ទុះនៃការលើកកម្ពស់ចំណេះដឹងលើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស ជាពិសេសគេឃើញមានគំនិតផ្ដួចផ្ដើមជាច្រើនពីវិស័យឯកជន ក្នុងការលើកទឹកចិត្តសហគ្រិនវ័យក្មេងឲ្យបង្កើតអាជីវកម្មឌីជីថលផ្ទាល់ខ្លួននៅក្នុងប្រទេស។ រាជរដ្ឋាភិបាលក៏បានព្យាយាមជួយដល់វិស័យឌីជីថល តាមរយៈការដាក់ចេញគោលនយោបាយ និងការផ្តល់មូលនិធិសហគ្រិនភាពដែលមានតម្លៃស្មើនឹង៥លានដុល្លារអាមេរិក ដើម្បីគាំទ្រអាជីវកម្មឌីជីថល។ នៅក្នុងមជ្ឈដ្ឋានសាធារណៈវិញ និន្នាការនេះត្រូវបានអង្គការក្រៅរដ្ឋាភិបាល និងវេទិកាសង្គមស៊ីវិល ជួយជម្រុញឲ្យមានការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីឧស្សាហកម្ម៤.០ ព្រមទាំងផ្ដួចផ្ដើមឲ្យមានការពិភាក្សាក្នុងចំណោមបញ្ញាវ័ន្ត អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញ។ សន្តិសុខឌីជីថលក៏ជាផ្នែកអាទិភាពមួយ ដែលបានកំណត់ដោយ នាយករដ្ឋមន្រ្តីកម្ពុជា ផ្ទាល់ដើម្បីធានាឲ្យបាននូវបរិស្ថានឌីជីថល ដែលមានសុវត្ថិភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ដូច្នេះ គោលនយោបាយពាក់ព័ន្ធ បទប្បញ្ញត្តិ និងស្តង់ដារបទដ្ឋានគតិយុត្ត កំពុងត្រូវបានបង្កើតជាបន្តបន្ទាប់ ហើយអនុវត្តដើម្បីការពារសន្តិសុខរបស់ទិន្នន័យ និងការសម្ងាត់ ការជួញដូរតាមអេឡិចត្រូនិច និងសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត។ យោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កម្ពុជាត្រូវការពេលយ៉ាងហោចណាស់មួយទសវត្សរ៍ ដើម្បីចាប់យកការផ្លាស់ប្ដូរឌីជីថលដែលពេញលេញមួយ។ ក្នុងការសម្រេចគោលបំណងនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវយល់ដឹងអំពីនិន្នាការ និងចាត់វិធានការចាំបាច់ ដើម្បីត្រៀមខ្លួនឲ្យបានរួចជាស្រេចសម្រាប់ការមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ ដើម្បីចូលរួមចំណែកក្នុងដំណើរកម្ពុជាក្នុងការត្រៀមខ្លួន ដើម្បីសម្របខ្លួន និងទាញយកផលប្រយោជន៍ជាអតិបរមាពីបដិវត្តន៍ឧស្សាហកម្មទី៤ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានបង្កើតឡើងកម្មវិធីកិច្ចសន្ទនាពិសេសមួយដែលមានឈ្មោះថា កម្ពុជាឧស្សាហកម្ម៤.០។
-
ទម្រង់នៃកម្មវិធី
កម្មវិធីនេះរៀបចំឡើងក្នុងទម្រង់ជាកិច្ចពិភាក្សា និងការសន្ទនារវាងវាគ្មិន និងអ្នកសម្របសម្រួល រយៈពេល ៤៥នាទី ហើយមានពេលសម្រាប់សំណួរ និងចម្លើយពីអ្នកចូលរួមរយៈពេល ៤៥នាទី។ កិច្ចពិភាក្សាទាំងមូលនឹងត្រូវបានថតទុក ហើយសំណួរគន្លឹះសំខាន់ៗលើកឡើងដោយវាគ្មិន នឹងត្រូវបានជ្រើសរើសសម្រាប់ធ្វើជាវីដេអូខ្លីៗ ដើម្បីបង្ហោះក្នុងយុទ្ធនាការផ្សព្វផ្សាយរបស់កម្មវិធី។ វាគ្មិនចំនួន៤នាក់ នឹងចូលរួមក្នុងការវិភាគស៊ីជម្រៅលើសំណួរដែលរៀបចំទុកដោយអ្នកសម្របសម្រួលកម្មវិធី។
អ្នកសម្របសម្រួល៖
លោក សោម រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
វាគ្មិន៖
- លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា
- លោក អ៊ុង លុយណា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ
- លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ ឌីជីថល
- លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing។