អំពីយើង

ចក្ខុវិស័យ

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាមានចក្ខុវិស័យជាស្ថាបនិក “ចូលរួមប្រកបដោយមូលដ្ឋានពិត វិទ្យាសាស្រ្ត និងវិជ្ជាជីវៈ សម្រាប់កម្ពុជាជាប្រទេសអភិវឌ្ឍន៍”។

បេសកកម្ម

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (ម.អ.ក) ជាស្ថាប័នស្រាវជ្រាវមិនរកប្រាក់ចំណេញ។ ម.អ.ក ផ្តោតទៅលើការចូលរួមក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាព និងសន្តិភាព ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ការអភិវឌ្ឍគោលនយោបាយជាតិ និងអន្តរជាតិ និងការកសាងសមត្ថភាពធនធានមនុស្សក្នុងបរិបទនៃសកលភាវូបនីយកម្មនិងតំបន់យ៉ាងស៊ីជម្រៅនាពេលបច្ចុប្បន្ន ព្រមទាំងការកើនឡើងគួរឲ្យកត់សម្គាល់នៃភាពស្មុគស្មាញនៃការអភិវឌ្ឍគោលនយោបាយអន្តរជាតិ។

គោលបំណង

មជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា មានគោលបំណងដូចខាងក្រោម៖

  • ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយជាតិ និងអន្តរជាតិ តាមរយៈការអនុវត្តន៍ការស្រាវជ្រាវ និងគំរោងពាក់ព័ន្ធនានា
  • ដើម្បីជួយសម្របសម្រួលដល់ការអនុវត្តន៍គោលនយោបាយ តាមរយៈការគៀងគរគ្រប់ភាគីដែលពាក់ព័ន្ធ
  • ដើម្បីពង្រឹងនូវសមត្ថភាពរបស់ស្ថាប័ន និងបុគ្គល ជាពិសេសក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមដំណើរការអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន និងផលិតភាពខ្ពស់
  • ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់អ្នកជំនាញវ័យក្មេង ជាពិសេសក្នុងប្រទេសកម្ពុជា តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ការបណ្តុះបណ្តាលជំនាញ និងការផ្ដល់ឱកាសឲ្យពួកគេក្នុងការរួមចំណែកដល់ការបង្កើតអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍
  • និងដើម្បីផ្ដល់នូវវេទិការសម្រាប់ធ្វើការជជែកពិភាក្សា និងកិច្ចសន្ទនាទៅលើបញ្ហាដែលទាក់ទងទៅនឹងការអភិវឌ្ឍ។

សកម្មភាព

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (ម.អ.ក) ត្រៀមខ្លួនក្នុងការបង្កើត អភិវឌ្ឍ និងផ្សព្វផ្សាយ គំនិត គោលនយោបាយ និងយុទ្ធសាស្រ្តទៅលើការអភិវឌ្ឍជាតិ តំបន់ និងអន្តរជាតិ និងដើម្បីបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតលើសកម្មភាពចំនួន ៣ ដូចខាងក្រោម៖

១. ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ប្តេជ្ញាចិត្តក្នុងការលើកទឹកចិត្តធ្វើការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត ចែករំលែក និងផ្សព្វផ្សាយនូវរាល់ការរកឃើញនៃការសិក្សាស្រាវជ្រាវ គំនិតថ្មី គោលនយោបាយ និងយុទ្ធសាស្រ្តនានា ទៅដល់ភាគីពាក់ព័ន្ធនានា ដែលរួមបញ្ចូលទាំងសិស្សានុសិស្ស និងសាធារណជន។ កិច្ចការនេះនឹងត្រូវអនុវត្តតាមសកម្មភាពផ្សេងៗរបស់មជ្ឈមណ្ឌល ដូចជាការបោះពុម្ពផ្សាយ ការប្រកាសនៅលើបណ្តាញអនឡាញ និងតាមព្រឹត្តិការណ៍នានាដូចជា សិក្ខាសាលាសិក្សាស្រាវជ្រាវ បាឋកថាជាសាធារណៈ និងសិក្ខាសាលាបណ្តុះបណ្តាលនានា។ ម.អ.ក ចាត់ទុកការបោះពុម្ព និងការផ្សព្វផ្សាយ ជាកិច្ចការមួយដ៏សំខាន់ ព្រោះតែយើងជឿជាក់ថាការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ និងគម្រោងនានា នឹងមានឥទ្ធិពលទូលំទូលាយទៅគ្រប់មជ្ឈដ្ឋានបាន លុះត្រាតែលទ្ធផល និងការរកឃើញទាំងនោះត្រូវបានផ្សព្វផ្សាយ និងចែករំលែកប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយទៅដល់ភាគីដែលពាក់ព័ន្ធនានាតាមរយៈវិធីសាស្រ្តផ្សេងៗ។

២. ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយ

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ប្រឹងប្រែងក្នុងការលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងការកសាងសមត្ថភាពរបស់ប្រជាជនសកម្មក្នុងវិស័យផ្សេងៗ រួមទាំងសិស្សានុសិស្ស និងអ្នកស្រាវជ្រាវនានាក្នុងប្រទេសកម្ពុជា ឲ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលយើងនឹងផ្តល់ឱកាសដល់បញ្ញវ័ន្តវ័យក្មេង និងអ្នកជំនាញនានា ជាពិសេសនៅក្នុងប្រទេសកម្ពុជា ក្នុងការបង្កើន និងលើកកម្ពស់សមត្ថភាពក្នុងការសិក្សា និងការស្រាវជ្រាវគោលនយោបាយស្តីពីបញ្ហានានាទាក់ទងទៅនឹងការអភិវឌ្ឍជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់របស់រដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយការបរទេស និងគោលនយោបាយជាតិដែលផ្អែកលើមូលដ្ឋាននៃភស្តុតាង។ បេសកកម្មក្នុងការស្រាវជ្រាវរបស់មជ្ឈមណ្ឌល បានគូសបញ្ជាក់ពីតម្រូវការយ៉ាងមានសារៈសំខាន់ក្នុងការអភិវឌ្ឍជាតិ និងអន្តរជាតិ ការកើនឡើងនូវការទទួលស្គាល់ពីសារៈសំខាន់នៃការបង្កើតគោលនយោបាយដោយផ្អែកទៅលើការស្រាវជ្រាវ និងការកើនឡើងនូវតម្រូវការក្នុងការបង្កើនសមត្ថភាពស្រាវជ្រាវរបស់បញ្ញវ័ន្តកម្ពុជា និងពីតួនាទីរបស់ការសិក្សាស្រាវជ្រាវក្នុងការបង្កើតនូវគំនិត និងយុទ្ធសាស្រ្តថ្មីៗ។ ដើម្បីសម្រេចបានគោលបំណងនេះ មជ្ឈមណ្ឌលយើងនឹងសហការជាមួយដៃគូផ្សេងទៀតក្នុងការអនុវត្តនូវគម្រោងស្រាវជ្រាវនានា។ យើងក៏នឹងរៀបចំនូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ក្នុងគោលបំណងអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការកសាងសមត្ថភាព។

៣. ការអភិវឌ្ឍន៍គោលនយោបាយ

ក្រៅពីបេសកកម្មខាងលើ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានភារកិច្ចសំខាន់មួយទៀត គឺជាការផ្តល់ជាឆាក ឬវេទិកាទៅដល់ភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរទស្សនៈគ្នា ពិភាក្សាលើបញ្ហានានា និងជជែកវែកញែកទៅលើប្រធានបទទាក់ទងនឹងផលប្រយោជន៍ជាតិ និងអន្តរជាតិ។ បេសកកម្មនេះ ត្រូវបានបង្កប់នៅក្នុងជំនឿរបស់មជ្ឈមណ្ឌលថា ការរំពឹងទុកជារួមក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គឺមានសារសំខាន់ និងចាំបាច់ដើម្បីឲ្យគោលនយោបាយមួយត្រូវបានអភិវឌ្ឍន៍ និងអនុវត្តន៍ប្រកបដោយភាពជោគជ័យ។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានបំណងសម្រេចឲ្យបាននូវគោលដៅនេះដោយផ្តល់ជាវេទិកា តាមរយៈវេទិកាពិភាក្សាអនឡាញ និងការរៀបចំកម្មវិធីនានា ដូចជា កិច្ចពិភាក្សាតុមូល សិក្ខាសាលា និងសន្និសិទ្ធផ្សេងៗ។ វេទិកាទាំងអស់នេះ នឹងផ្តល់ឱកាសឲ្យសិស្សានុនិស្សិតជាតិ និងអន្តរជាតិ អ្នកអនុវត្តផ្ទាល់ អ្នកបង្កើតគោលនយោបាយ អ្នកនយោបាយ និងសាធារណជន ដើម្បីចែករំលែក ផ្លាស់ប្តូរ និងចែករំលែកគ្នាទៅលើទស្សនៈ បទពិសោធន៍ និងជំនាញរបស់ពួកគាត់ ដើម្បីបង្កើត និងស្វែងរកដំណោះស្រាយ អនុសាសន៍ គោលនយោបាយ និងយុទ្ធសាស្រ្តដែលមានលក្ខណៈរួមបញ្ចូលគ្នា និងគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តន៍ប្រកបដោយភាពជោគជ័យ។