សៀវភៅជាសំឡេង (Audiobook) ជំពូក ១០៖ «បច្ចេកវិទ្យាប្លុកឈេន៖ លើសពីរូបិយប័ណ្ណឌីជីថល» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ
____
ក្នុងចំណោមបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដែលជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដូចជាបញ្ញាសិប្បនិម្មិត, អ៊ីនធឺណិតនៃវត្ថុ, ការវិភាគទិន្នន័យធំ និងរ៉ូបូតវិទ្យា Blockchain ត្រូវបានគេចាត់ទុកជាផ្នែកសំខាន់មួយនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងជាពាក្យពេញនិយមមួយដែលត្រូវបានគេលើកមកនិយាយ និងប្រើប្រាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយស្ថាប័នជំនាញផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សា គោលនយោបាយ និងសហគមន៍សិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ Blockchain ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ដោយសារកំណើនរូបិយប័ណ្ណឌីជីថល (Bitcoin) ដែលបានរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០០៨។ ប៉ុន្តែ តើមានមនុស្សប៉ុន្មានាក់ដែលស្ថិតនៅក្នុងឧស្សហកម្ម ៤.០ យល់ច្បាស់អំពីបច្ចេកវិទ្យាប្លុកឈេននេះ។ ដើម្បីបញ្រ្ជាបការយល់ដឹងអំពីប្លុកឈេន អត្ថបទនេះ នឹងបកសា្រយចំណុចសំខាន់ៗ និងលើកយកការពិភាក្សាអំពីបច្ចេកវិទ្យាប្លុកឈេន ជាពិសេសសក្តានុពល និងបញ្ហាប្រឈមរបស់វាក្នុងវិស័យ និងប្រភេទឧស្សាហកម្មនានា។